សូមជូនហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧ ៖
ឆ្នាំជូត រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើចង់ធ្វើការផ្លាស់ប្តូរអ្វីក៏តែងហុចផលមកវិញគ្រាន់ជាទីពេញចិត្តហើយផ្លែផ្កាក៏តែងផ្តល់ផលល្អនៅគ្រាខាងមុខថែមទៀត។ក្រៅពីនេះបើចង់បំពេញកិច្ចការងារអ្វីមួយគួររួសរាន់ព្រោះធ្វើច្រើនទទួលបានផលច្រើនធ្វើតិចបានផលតិច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទីជិតឆ្ងាយមានភាពកាក់កបល្អហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏ផ្តល់ផ្លែផ្កាគួរសម។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ឬបំពេញការងារតូចធំអ្វីមួយពីព្រោះថាតែងផ្តល់ផលល្អៗមកវិញគួរជាទីពេញចិត្តផង។អ្នកប្រកបរបររកស៊ីជួញដូរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃពេលនេះឃើញថាមិនគាប់ប្រសើរប៉ុន្មានទេប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញគ្រាន់គាប់ប្រសើរជាង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំខាល រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់ជាសន្សឹមៗទៅមុខជានិច្ចហើយទោះធ្វើអ្វីក៏តែងជោគជ័យផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជួបស្ថានភាពលំបាកក្នុងការរកប្រាក់ចំណូលឯការចាយវាយទៀតសោតគ្រប់សារពើធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ។ការធ្វើដំណើរទៅទិសពាយ័ព្យមិនសូវមានសុវត្តិភាពទេគប្បីមានការប្រយ័ត្នប្រយែងបន្តិច។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយនិងជម្លោះវិវាទចូលយាយីច្រើនដូចនេះត្រូវចេះសន្តោសប្រណីដល់គ្នាខ្លះទើបគ្មានបញ្ហារកាំរកូសកើតឡើង៕
ឆ្នាំថោះ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះផ្តល់ផលល្អសម្រាប់ប្រកបការងារឬធ្វើពិធីអ្វីមួយផង។ការរស់នៅទ្រព្យសំណាងបានប្រែមកមានភាពប្រសើរវិញហើយបញ្ហាគ្រួសារដែលពីមុនធ្លាប់មានការប្រទាំងប្រទើសក៏ត្រូវបានរលត់រលាយសាបសូន្យអស់ទៅហើយដែរ។អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់ទៅមុខល្អគួរសមហើយបើចង់ទិញទំនិញអ្វីមួយយូរមកហើយគ្រាន់ទុកជាការជួញដូរនៅថ្ងៃខាងមុខក៏ជាឱកាសល្អប្រពៃ។ បញ្ហាកំលោះក្រមុំក្នុងពេលនេះដែរបើលោកអ្នកពុំទាន់មានគូគាប់ទីបំផុតបើមានការស្វែងរកពេញទីគឺអាចជួបគូស្នេហ៍ដែលខ្លួនពេញចិត្តផង៕
ឆ្នាំរោង រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះដូចនេះបើចង់ធ្វើអ្វីមួយក៏ដោយតែងជួបបញ្ហាមិនល្អខ្លះៗយាយីនាំឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មាននោះឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវចងចាំថាមិនត្រូវម៉ាក់ងាយមនុស្សឡើយពិសេសអ្នកមានមុខរបរដូចគ្នាបើពុំនោះទេនឹងជះឥទ្ធិពលអាក្រក់នៅពេលក្រោយជាក់ជាពុំខាន។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវឃ្លាតពីគ្នាខ្លះហើយរកពេលវេលាបំពេញការងារទើបជាការប្រពៃបំផុត៕
ឆ្នាំម្សាញ់ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើលោកអ្នកចាប់កាន់កិច្ចការងារអ្វីមួយនោះតែងសម្រេចជោគជ័យដល់គោលដៅផង។ការរស់នៅបើមានពឹងពាក់អ្នកដទៃក៏តែងមានគេជួយជ្រោមជ្រែងដូចគាប់បំណង។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកបើមានគម្រោងការធ្វើអ្វីដែលជាកិច្ចការងារសំខាន់អាចចាប់ផ្តើមបានហើយព្រោះផ្លែផ្កាដែលហុចមកវិញក៏តែងដូចជាទីគាប់ចិត្ត។ការធ្វើដំណើរទីជិតឆ្ងាយមានភាពសុខដុមនិងមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់ជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើទោះបីធ្វើអ្វីតែងមានការសហការនិងជួយជ្រោមជ្រែងពីអ្នកដទៃជានិច្ច។ក្រៅពីនេះបើលោកអ្នកជាអ្នកធ្វើជំនួញបើចង់ទំនាក់ទំនងជួញដូរឬទំនាក់ទំនងអតិថិជនចាស់ថ្មីតែងមានការសហការពីអតិថិជនជានិច្ច។ក្នុងពេលនេះដែរលាភសំណាងមានហូរចូលខ្លះៗម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខជំនួញព្រោះផ្លែផ្កាហុចមកវិញឃើញថាអាចឆ្លើយតបគួរជាទីពេញចិត្តប៉ុន្តែយ៉ាងណាលោកអ្នកឱ្យប្រយ័ត្នគ្រោះចាញ់បោកគេព្រោះងាយជួបប្រទះណាស់ដែរ។ រីឯបញ្ហាប្រុសស្រីលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែលនាំឱ្យខូចអនាគតដោយប្រការណាមួយ៕
ឆ្នាំមមែ រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដួងរាសីស្រុតចុះដូចនេះបើក្រុមមនុស្សស្តីបន្ទោសឬបង្កបញ្ហាអ្វីលោកអ្នកត្រូវរក្សាភាពនឹងធឹងហើយធ្វើមិនដឹងមិនឮខ្លះទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់យឺតណាស់ហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃធំៗចិញ្ចឹមឆ្នាំងបាយគ្រាន់ធូរទៅរួច។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសដូចនេះត្រូវមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីយកភាពរឹងមានះឬចង់យកឈ្នះចាញ់ដាក់ខ្លួនច្រើនពេកប្រយ័ត្នកើតរឿងជម្លោះវិវាទឈានចូលដល់ការបែកបាក់៕
ឆ្នាំវក រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីឃើញថាមានការជឿនលឿនទៅមុខនិងហុចផ្លែផ្កាគ្រាន់ជាទីកក់ក្តៅផង។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំតែងហុចផ្លែផ្កាមកវិញគ្រាន់គាប់ប្រសើរហើយធ្វើអ្វីក៏ជឿនលឿនគួរសម។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមនិងក្តីសោមនស្សជានិច្ច។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីកំពុងមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំរកា រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អណាមួយឱ្យសប្បាយចិត្តផង។លោកអ្នកត្រូវចេះចាត់ចែងការងារគ្រប់គ្រងប្រាក់កាសនិងគ្រប់គ្រងអារម្មណ៍ឱ្យបានល្អទើបការបំពេញការងារមានការចម្រើនលូតលាស់ទៅមុខ។បញ្ហាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានភាពលូតលាស់ហើយបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរឬប្តូរកន្លែងលក់ដូរជាការប្រសើរបំផុត។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំច រាសីស្រុតចុះ។ ថ្ងៃនេះដួងរាសីស្រុតចុះដូចនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមិនត្រូវប្រកាន់ភាពមោហៈទោសៈដាក់ខ្លួននាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរតែប៉ុណ្ណោះ៕
ឆ្នាំកុរ រាសីល្អជាមធ្យម។ នៅក្នុងថ្ងៃនេះទោះធ្វើអ្វីក៏ដោយតែងមានការចម្រើនលូតលាស់និងបើចង់ធ្វើអ្វីមួយក៏តែងឆ្លើយតបផលល្អៗមកវិញគ្រាន់ជាទីពេញចិត្តផង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញជួបលើបញ្ហាស្មុគស្មាញនិងពិសេសមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់កាសឡើយប្រយ័ត្នទារវិញមិនបានកើតជំលោះវិវាទថែមទៀត។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ បញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងប្រុសប្រកែកស្រីប្រកាន់ស្រួលមិនស្រួលខូចកិត្តិយសហើយជាប់ទោសពៃរ៍ឥតអំពើ៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment