ឆ្នាំជូត រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកមិនត្រូវធ្វើអ្វីដែលសំខាន់ឡើយ ពីព្រោះថាផលមិនល្អតែងងាយកើតឡើងផង។ ក្នុងអំឡុងពេលនេះដែរលោកអ្នកត្រូវចេះសន្សំប្រាក់កាសខ្លះទើបប្រសើរ។ អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសំបូរទេ ព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នទិសឧត្តរបន្តិចព្រោះងាយជួបឧប្បត្តិហេតុជាងសព្វមួយដង។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការឆាប់ទាំងប្រេះឆាហើយក៏ឆាប់ត្រូវគ្នាវិញដែរ៕
ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកគាប់ប្រសើរគួរសមម្ល៉ោះហើបើចង់ផ្តើមធ្វើអ្វីមួយអាចសម្រុកពេញទីបានហើយ ព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ច។ ការប្រកបការងារវិញនោះមានលក្ខណៈពេញដៃពេញជើងហើយ បើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាទៀតផង។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅ។ ចំណែកឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី បើលោកអ្នកគិតថាសេចក្តីស្នេហាមានលំនឹងហើយអាចរៀបចំផ្សំផ្គុំគ្រួសារជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំខាល រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើលោកអ្នកមានបំពេញកិច្ចការងារអ្វីមួយគឺមិនអាចធ្វេសប្រហែស ឬធ្វើទាំងមិនស្វែងរកភាពរីកចម្រើនបានឡើយ បើពុំនោះទេដំណើរជីវិតលោកអ្នកនឹងជួបផលលំបាកនៅគ្រាខាងមុខណាមួយជាក់ជាពុំខាន។ ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុម និងកំពុងស្រស់ស្រាយប្រពៃ។ ចំពោះការប្រកបរបររកស៊ីជួញដូរ ការជួញឆ្ងាយឱ្យប្រយ័ត្នបន្តិចព្រោះសំបូរក្រុមមនុស្សបោកប្រាស់ច្រើន ឯការជួញជិតការរកចំណូលជួបផលលំបាកបន្តិចហើយ អ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំថោះ រាសីខ្ពស់ត្រដែត។ ថ្ងៃនេះយីអ៊ុនបានងើបខ្ពស់ដូចនេះជាឱកាសល្អច្រើនសម្រាប់លោកអ្នកពង្រីកការងារអ្វីមួយ ពីព្រោះតែងហុចផលល្អៗចូលមកច្រើនជាងអាក្រក់។ ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនបើទោះបីកិច្ចការមមាញឹកក៏ដោយតែក៏មានសំណាងមកវិញដែរ គឺធ្វើច្រើនតែងហុចផលច្រើនជានិច្ច។ ក្នុងពេលនេះដែរលាភសំណាងមានច្រើនគួរសមដូចនេះជាឱកាសល្អក្នុងការពង្រីកមុខជំនួញ ព្រោះផ្លែផ្កាហុចមកវិញឃើញថាអាចឆ្លើយតបគួរជាទីពេញចិត្ត តែយ៉ាងណាលោកអ្នកឱ្យប្រយ័ត្នគ្រោះចាញ់បោកគេ ព្រោះក៏មានខ្ពស់ផង។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែលនាំឱ្យខូចអនាគតដោយប្រការណាមួយ៕
ឆ្នាំរោង រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកប្រកបកិច្ចការអ្វីអាចសម្រុកពេញទីបានហើយនឹងទោះធ្វើអ្វីតែងហុចផលមកវិញគ្រាន់គាប់ប្រសើរ។ សម្រាប់ពេលវេលាល្អក្នុងការធ្វើអ្វីមួយគឺម៉ោង១,០០ទៅ២,៥៩នាទីរសៀលហើយបើប្រកបកិច្ចការអ្វីតែងហុចផលមកវិញផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកបើចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរជាឱកាសល្អប្រពៃណាស់ ព្រោះថាអាចឆ្លើយតបផ្លែផ្កាដូចជាទីកក់ក្តៅគ្រាន់បើ។ ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានរៀបអាពាហ៍ពិពាហ៍ឬចូលស្តីដណ្តឹងតែងសម្រេចដូចគាប់បំណង៕
ឆ្នាំម្សាញ់ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីត្រូវសន្សឹមៗកុំបំបោលនោះផលល្អនឹងហុចឱ្យមកវិញដូចជាទីគាប់បំណង។ ការប្រកបការងារក៏ដូច្នេះដែរលោកអ្នកត្រូវធ្វើថ្នាក់ធនកណ្តាលឬមិនសំខាន់ពេកព្រោះថាបើធ្វើធំពេកឬសំខាន់ខ្លាំងផ្លែផ្កាដែលហុចមកវិញមិនសូវដូចគាប់បំណងនោះឡើយ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកឱ្យប្រយ័ត្នជនខិលខូចតាមលួចបន្លំឬបង្ករឿងដោយប្រការណាមួយ។ រីឯសេចក្តីស្នេហាប្រុសស្រីមានការខ្វាយខ្វល់ព្រោះតែការប្រឆាំងគ្នាមានច្រើនជាងសព្វមួយដង៕
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារយីអ៊ុនឡើងខ្ពស់ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកបំពេញការងារផ្នែកប្រាក់កាស ឬការធ្វើកិច្ចសន្យាអ្វីមួយផង។ ការរស់នៅមានភាពសុខដុមនិងកំពុងស្រុះស្រួលគ្នាប្រសើរគួរសម។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ទោះចង់ចេញធ្វើជំនួញទីជិតឆ្ងាយគឺផលកម្រៃតែងហុចមកវិញគួរសមផងដែរ ប៉ុន្តែយ៉ាងណាប្រាក់កាសកាន់នៅដៃមិនសូវជាប់ទេតែងហូរធ្លាយចេញទៅវិញអស់ៗពុំឃើញសេសសល់ឡើយ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំមមែ រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទសម្តីបន្តិចបន្តួចដោយសារការមិនចុះសម្រុងគ្នា ឬការប្រឆាំងគ្នាទាំងនៅផ្ទះសម្បែងឬនៅផ្នែកខាងក្រៅដោយប្រការណាមួយកើតទ្បើង។ ចំពោះការប្រកបការងារលោកអ្នកទោះធ្វើអ្វីក៏ដោយគឺជារឿយៗពុំសូវដំណើរការបានស្រួលទេ ព្រោះតែងមានរឿងរ៉ាវមកយាយីអុកទ្បុកជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបផលលំបាកក្នុងការរកផលចំណូលណាស់ ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសនិងក្រុមបាបមិត្តតាមឈ្នានីសព្យាបាទយាយី។ រីឯបញ្ហាស្នេហាកំលោះក្រមុំ បើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំវក រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អហើយធ្វើអ្វីក៏ជឿនលឿនទៅមុខគួរសម។ក្រៅពីនេះមិនថាការប្រកបការងារឬបញ្ហាប្រាក់កាសមានការជឿនលឿនទៅមុខជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ណែនាំឱ្យចាស់ទុំបានស្គាល់ឬចូលចែវចូវជាឱកាសល្អប្រពៃបំផុត។
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ម្ល៉ោះហើយផ្តល់ផលល្អក្នុងការសម្រេចចិត្តអ្វីមួយឬប្រកបការងារអ្វីមួយផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការចង់ចេញធ្វើជំនួញទីជិតឆ្ងាយតែងហុចផ្លែផ្កាគួរជាទីកក់ក្តៅតែយ៉ាងណាមិនត្រូវឈ្លក់វង្វេងនឹងល្បែងស៊ីសងឡើយប្រយ័ត្នឧបទ្រពចង្រៃយាយីកើតតែបញ្ហាមិនចេះចប់។ ការធ្វើដំណើរទីជិតឆ្ងាយមិនថាតាមផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមូយដង។ សម្ព័ន្ធស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចគាប់បំណង។
ឆ្នាំច រាសីស្រុតចុះ។ នៅថ្ងៃនេះបើចង់ធ្វើអ្វីមួយត្រូវចេះត្រួតពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយពីព្រោះខ្លាចក្រែងបង្កកំហុសអ្វីមួយកើតជាបញ្ហាតូចរីករាលដាលជាធំ។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នការទាស់សម្តីបន្តិចបន្តួចកើតជាជម្លោះវិវាទណាមួយជាមួយអ្នកដទៃឬសូម្បីញាតិមិត្តបងប្អូនខ្លួនក្តី។ រីឯបញ្ហាស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អក្នុងការចូលនិយាយដល់ចាស់ទុំបំផុត។
ឆ្នាំកុ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកទោះធ្វើអ្វីឬទៅណាមកតែងមានភ្លើងខៀវបើករង់ចាំជានិច្ច ហេតុនេះបើចង់ប្រកបការងារអ្វីឃើញថាតែងជឿនលឿនទៅមុខផង។ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំដុំទៅរួច។ការប្រកបការងារលោកអ្នកពុំគប្បីមានការរិះគន់ចៅហ្វាយនាយឡើយព្រោះជញ្ជាំងមានត្រចៀកប្រយ័ត្នត្រូវទទួលរងការលំបាកនៅគ្រាខាងមុខ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា។
0 comments:
Post a Comment