១ រោច ខែភទ្របទ សូមអនុមោទនាបុណ្យកាន់បិណ្ឌ១ ស៊ែរ(បួងសួង) សុំសេចក្តីសុខ បានបុណ្យច្រើនៗគ្រប់គ្នា !

បុណ្យ​ភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ប្រជារាស្រ្តទូទាំងព្រះ​រាជា​ណាចក្រ​កម្ពុជា​តាំង​ពី​បុរាណ​រៀង​មក​ (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះ​មិនដែល​អាក់ខាន​ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 ... និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ"។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែប​ព្រះពុទ្ធសាសនា។​ជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដល់​ថ្ងៃ​ខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ គ្រប់​បងប្អូន​កូន​ចៅ​ សាច់​ញាតិ​សន្ដាន​ទាំងអស់​ ទោះ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ ជា​ពិសេស​ឪពុក​ម្ដាយ​ ដើម្បី​រៀបចំ​ម្ហូប​អាហារ​ បាយ​សម្ល​ ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​អារាម។​
ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្ឌ
ពាក្យថា "ភ្ជុំបិណ្ឌ" មកពីពាក្យ "ភ្ជុំ" រួមគ្នាជាមួយពាក្យ "បិណ្ឌ" ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) "ដុំបាយ" ដូចេ្នះ​យើង​អាច​សម្គាល់​ពាក្យ​នេះ តាមវិធីងាយបានថា គឺជា "ការប្រជុំ ឬប្រមូលផ្តុំដុំបាយ" ​(ការពូតដុំ បាយជាដុំៗ​ដែល​យើង​ហៅថា "បាយបិណ្ឌ") ។បើ​តាម​តម្រា​ចារ​តាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ កម្ពុជា​យើង​ បាន​បង្ហាញ​ថា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​កើត​មាន​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ។​ ប៉ុន្តែ​ទាស់​ត្រង់​ថា​ កាល​ពី​សម័យ​មុន​គេ​មិន​ហៅ​ថា​ បុណ្យ​ភ្ជុំ​ទេ​ ដោយ​នៅ​ក្នុង​ពិធី​នេះ​គេ​មាន​បែង​ចែក​ចេញ​ជា​ពីរ​ថ្នាក់។​ ថ្នាក់​ដំបូង​ គឺ​គេ​ចាប់​ផ្ដើម​ធ្វើ​ចាប់​ពី​ថ្ងៃ ​១​រោច​ រហូត​ដល់​ថ្ងៃ​១៤​រោច​ ជា​វារកភត្ត​ (ភត្ត​ធ្វើ​តាម​ថ្ងៃ)​ ជា​បន្ត​បន្ទាប់។​ ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ​ ១៥​រោច​ ដែល​គេ​ហៅ​ថា​បុណ្យ​ភ្ជុំ។​ ពិធី​បុណ្យ​ទាំង​ពីរ​ថ្នាក់​នេះ​ បច្ចុប្បន្ន​ត្រូវ​បាន​យើង​បូក​បញ្ចូល​គ្នា​ ហើយ​ហៅ​កាត់​ថា​ ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​ឯង។
រឿងទាក់ទងនឹងបុណ្យ​ភ្ជុំបិណ្ឌ
     អ្នកប្រាជ្ញបានបង្កើតឲ្យមានគម្ពីរ ៣ ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ :
  1. គម្ពីរ បេតវត្ថុ : បកស្រាយពីរឿងប្រេត គម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការធ្វើបុណ្យ
  2. គម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរៈ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែល ជាប់ទាក់ទងមកដល់សព្វថៃ្ង
  3. គម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជា ដើម...។
បើតាមគម្ពីរ "ពិទ្យាធរ ឬវិជ្ជាធរ" មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោក មានអំណាចមានឥទ្ធិពលច្រើនណាស់ លោក​ក៏​បាន​និមន្ត​ទៅធ្វើ​ទស្សនកិច្ចនៅ​ស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅ​ខ្លាំង ប៉ុនែ្តដោយឥទ្ធិពល របស់លោក ក៏មានលេចចេញឲ្យ​មាននូវ ផ្កាឈូក​រត័្ន​មួយធំប៉ុនកងរាជរថ រួច លោកក៏គង់នៅលើផ្កា​ឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យ ព្រះអង្គ​ត្រជាក់ស្រួល មិន​បណ្តាល​ឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។
រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យ ពួក​សត្វ​នរក​ទាំង​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។ ពួកសត្វនរកទាំង នោះមាន​ការកោត​ខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់​ព្រះអង្គ លោក​ក៏បាន ពន្យល់ សមែ្តង​ធម៌‌ទេសនា​អោយពួកសត្វ​នរកទាំងនោះស្តាប់ ក្រោយ​មកលោក ក៏​បានលាត្រឡប់ មកស្ថាន​មនុស្ស​វិញ ហើយ​ពួក​សត្វ​នរក​ទាំង​នោះ​បាន​ផ្តាំផ្ញើ​ថា : "ទូល​ព្រះបង្គំ​ទាំង​អស់គ្នាសព្វថៃ្ងនេះ​លំបាក​វេទនាណាស់ ណា​កម្តៅភ្លើងនរក ណា​អត់អាហារ មិន​ដែល​មាន​សាច់​សា​លោហិត​ណា​លើក​យក អាហារភោជន ឬ បច្ច័យបួន​មកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាន​នោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់​ក៏មានច្រើនដែរ អ៊ី​ចឹង​បើ​តេជគុណ​និមន្ត​ទៅ​ស្ថាន​មនុស្ស​លោកវិញ សូម​ព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួច​ហើយ ផ្សព្វផ្សាយ​ពរសព្វសាធុការផល្លានិសង្ឃ បុណ្យ​ដាក់បិណ្ឌ​ដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយ​បានផលជួបឧបត្ថម្ភឲ្យ បាន​ឆែ្អត​ស្កប់​ស្កល់​បាត់​ទុក្ខ​វេទនា​តទៅ"។
  ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយ​ព្រះពរ​ប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វ​ផ្សាយ​ដល់​ប្រជា​រាស្រ្ត​គ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បី​ឲ្យប្រ ជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំង​ពីពេលនោះ​រហូត​មក​ដល់​សព្វ​ថៃ្ងនេះ​។
មូលហេតុ​ដែល​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ
ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា "បុណ្យភ្ជុំបិណ្យ" គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជា ទៅចាប់កំណើតនៅ លោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ :
ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ "បេត" ជាពាក្យបាលី ឯពាក្យ "ប្រេត" ជាពាក្យសំស្រ្កឹត)ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា "បុណ្យសែនដូនតា" ដែលជាពាក្យសាម ញ្ញសម្រាប់ប្រជា រាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។
កាល​ពី​សម័យ​បុរាណកាល​ គេ​ធ្វើ​ពិធី​បុណ្យ​នេះ​គឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ត​ ទំនុក​បម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈ​ពេល​៣​ខែ​ ចាប់​តាំង​ពី​ថ្ងៃ​ចូល​វស្សា​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។ នៅ​ក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារ​ថា​ ដោយ​នៅ​ក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ រលឹម​ពព្រិច​ ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុង​ពេល​ធ្វើ​គោចរ​បិណ្ឌបាត។​ ហេតុ​ដូច្នេះ​ ទើប​បណ្ដា​ពុទ្ធ​បរិស័ទ​នាំ​គ្នា​រៀបចំ​ពិធី​នេះ​ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំ​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។​ ម្យ៉ាង​វិញ​ទៀត​ នៅ​ក្នុង​ពិធី​បុណ្យ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក​បេតជនញាតិ​ និង​ញាតិ​ទាំង​៧​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​នោះ​ផង​ដែរ​ តាម​រយៈ​អនុភាព​នៃ​សង្ឃគតាទក្ខិណាទាន​ ដែល​រស់​រង​ទុក្ខ​វេទនា​ កើត​ជា​ប្រេត​មាន​កម្មពៀរ​ ជាប់​ទោស​ធ្ងន់​ រងកម្ម​ក្រហល់​ក្រហាយ​អត់ឃ្លាន​ទាំងអស់​នោះ​ បាន​រួច​ផុត​ពី​ក្ដី​លំបាក​សោកសៅ។
ការ​បោះបាយ​បិណ្ឌ
នៅ​ព្រលឹម​ម៉ោង​៤ព្រឹក ប្រជាពលរដ្ឋ​តែងតែ​នាំគ្នា​ដើរ​ទៅវត្ដ​អារ៉ាម​នានា​នៅក្នុង​ភូមិ ឬ​នៅក្បែរ​ផ្ទះរបស់​ខ្លួន ជាមួយ​នឹងនំចំណី​ដែល​ធ្វើរួច​ជាស្រេច​ដាក់ក្នុង​ចាន ឬ​ស្បោង​ដើម្បី​ទៅវត្ដ។ ការ​បោះបាយ​បិណ្ឌ​ជាជំនឿ​អរូបិយ​មួយ​ផងដែរ ដែល​ប្រជាពលរដ្ឋ​ខ្មែរយើង​និយម​ធ្វើជា​រៀងរាល់​ព្រឹក ដើម្បី​បញ្ជូន​ឬឧទ្ទិស​កុសល​ឱ្យទៅ​ញាតិ​សន្ដាន​សាច់​សាលោ​ហិតដែល បាន​ចែកឋាន​ទៅ​បរលោក។ការ​បោះ​បាយ​បិណ្ឌ (ការ​បោះ​ដុំ​បាយ) ជា​សកម្មភាព​មួយ​ដែល​មិន​​ទាន់​មាន​ឯកភាព​​គ្នា​នៅ​ក្នុង​សង្គម​ពុទ្ធសាសនិក​នៅ​ឡើយ​ ដោយ​អ្នក​ខ្លះ​បាន​ចាត់​ទុក​​ការ​បោះ​បិណ្ឌ​​​ជា​កិច្ច​​ដ៏​សំខាន់​មួយ​មិន​អាច​ខាន​បាន​នៅ​ក្នុង​រដូវ​បុណ្យ​កាន់​បិណ្ឌ​នេះ​ ខណៈ​ដែល​អ្នក​ខ្លះ​បាន​អះអាង​ និង​រិះគន់​ថា​ ការ​បោះ​បាយ​បិណ្ឌ​ជា​ទង្វើ​មិន​ត្រឹមត្រូវ​ ជា​ភាព​ខ្ជះខ្ជាយ​ជា​ការ​ធ្វើ​មិន​គោរព​ទាន​ជា​ដើម។ អ្នក​ដែល​​ជឿ​ថា​ បោះ​បាយ​បិណ្ឌ​​មាន​ប្រយោជន៍​គិត​ថា​ បោះ​បាយ​បិណ្ឌ​គឺ​បោះ​ឲ្យ​ពួក​ប្រេត​ (ហេតុ​នេះ​ទើប​នៅ​តំបន់​ខ្លះ​មិន​ហៅ​បាយ​បិណ្ឌ​ទេ​ តែ​ហៅ​ថា​បាយ​ប្រេត)។ ចំណែក​អ្នក​ពុទ្ធ​និយម​ខ្លះ​ទៀត​បាន​អះអាង​ថា​ ការ​បោះ​បាយ​បិណ្ឌ​ជា​ការ​​ធ្វើ​ទាន​មិន​ត្រឹមត្រូវ​តាម​ការ​បង្រៀន​របស់​ព្រះពុទ្ធ​ឡើយ។
ការ​ពូនភ្នំ​ខ្សាច់​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ
  ទាក់ទិន​នឹង​ជំនឿ​ដែល​ពុទ្ធបរិស័ទ​លើកឡើង​អំពី​ការពូន​ភ្នំខ្សាច់ នៅអំឡុង​ពេល​បុណ្យភ្ជុំបិណ្ឌ​នេះ វាជា​ជំនឿ​មួយដែល​ខ្មែរយើង​ទូទៅ​យល់ថា វាល្អ​ហើយ​មាន​ប្រយោជន៍​ទើប​ពួកគាត់​ធ្វើ។ ហើយ​បានដាក់​លុយ​ទៅតាម​ភ្នំខ្សាច់​នីមួយៗ ព្រមទាំង​អុជធូប​ស្មាលា កំហុស​បាប​មួយ​ចំនួន​ដែលខ្លួន​បានសាង​ឡើង ដោយ​មិនបាន​ចាប់អារម្មណ៍​កន្លង​មក។ ការ​ពូនភ្នំ​ខ្សាច់នេះ​ក៏ជាការ​ឧទ្ទិសកុសល​មួយ​ជូនដល់​ឧបការីជន​ទាំងឡាយ​ដែលបាន​លាចាក​លោក​ផងដែរ។
ប្រេត
បើតាម​គម្ពី​ព្រះពុទ្ធ​សាសនា​បាន​ចែងថា មនុស្ស​ដែលស្លាប់​ទៅតែង​ទៅកើត​ទីផ្សេងៗ​តាម​កម្ម​របស់ខ្លួន។ មនុស្ស​ចិត្ដអាក្រក់ ដែលបាន​ធ្វើបាប​កម្ម​ផ្សេងៗ លុះស្លាប់​ទៅ​តែងតែ​កើតជា​ប្រេត​៤ប្រភេទ គឺប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយខ្ទុះ​ឈាម ប្រេត​ស្រេក​ឃ្លាន​អាហារ​ជានិច្ច ប្រេត​ដែលភ្លើង​ឆេះ​ជានិច្ច និងប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​ឧទ្ទិស​ទៅឱ្យ។ គេ​តែង​និយម​ជ្រើសរើស​ចំថ្ងៃ​រនោច​ខែភទ្របទ ព្រោះ​ពេលវេលា​នោះ​ព្រះចន្ទ​ពុំសូវ​មាន​ពន្លឺ ហើយ​ចេះតែ​ង​ងឹត​ទៅៗ ព្រោះ​ឱកាស​នោះហើយ ដែល​យមរាជ​ដោះលែង​ពួកប្រេត​ទាំងនោះឱ្យ​មក​រស់នៅ​លាយឡំ​ជាមួយ​មនុស្ស​ចាំទទួល​ភោគផល​ដែល​បងប្អូន​ញាតិសន្ដាន ដែល​ញាតិ​ឧទ្ទិស​ឱ្យ ព្រោះ​ពួកប្រេត​ខ្លាច​ពន្លឺ​ណាស់។ ប្រសិន​បើ​រយៈពេល​១៥ថ្ងៃ ពួកប្រេត​ដើរ​រកគ្រប់វត្ដ​ពុំមាន​ឃើញ​បងប្អូន​ញាតិសន្ដាន​ណាធ្វើ​បុណ្យ​បញ្ជូន​កុសល​ទៅឱ្យ​ទេ ពួកគេ​នឹងអត់​បាយ​អត់ទឹក​ស្រេកឃ្លាន​រងទុក្ខ​វេទនា​យ៉ាង​ក្រៃលែង ហើយ​នឹង​ជេរប្រទេច​ផ្ដាសា​ដល់​បងប្អូន​ញាតិកា​ទាំងឡាយ​ឱ្យ​ហិនហោច​ទ្រព្យសម្បត្ដិ ព្រាត់ប្រាស់​ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិ​ផៅទាំង​ប្រាំពីរ​សន្ដាន។

Share on Google Plus

About todayfortune

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment