ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 ... និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ"។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។
ប្រវត្តិបុណ្យភ្ជុំបិណ្ឌ ៖
ពាក្យថា "ភ្ជុំបិណ្ឌ" មកពីពាក្យ "ភ្ជុំ" រួមគ្នាជាមួយពាក្យ "បិណ្ឌ" ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) "ដុំបាយ" ដូចេ្នះយើងអាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថា គឺជា "ការប្រជុំ ឬប្រមូលផ្តុំដុំបាយ" (ការពូតដុំ បាយជាដុំៗដែលយើងហៅថា "បាយបិណ្ឌ") ។បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេស កម្ពុជាយើង បានបង្ហាញថាពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង។
ការបោះបាយបិណ្ឌ ៖
នៅព្រលឹមម៉ោង៤ព្រឹក ប្រជាពលរដ្ឋតែងតែនាំគ្នាដើរទៅវត្ដអារ៉ាមនានានៅក្នុងភូមិ ឬនៅក្បែរផ្ទះរបស់ខ្លួន ជាមួយនឹងនំចំណីដែលធ្វើរួចជាស្រេចដាក់ក្នុងចាន ឬស្បោងដើម្បីទៅវត្ដ។ ការបោះបាយបិណ្ឌជាជំនឿអរូបិយមួយផងដែរ ដែលប្រជាពលរដ្ឋខ្មែរយើងនិយមធ្វើជារៀងរាល់ព្រឹក ដើម្បីបញ្ជូនឬឧទ្ទិសកុសលឱ្យទៅញាតិសន្ដានសាច់សាលោហិតដែល បានចែកឋានទៅបរលោក។ការបោះបាយបិណ្ឌ (ការបោះដុំបាយ) ជាសកម្មភាពមួយដែលមិនទាន់មានឯកភាពគ្នានៅក្នុងសង្គមពុទ្ធសាសនិកនៅឡើយ ដោយអ្នកខ្លះបានចាត់ទុកការបោះបិណ្ឌជាកិច្ចដ៏សំខាន់មួយមិនអាចខានបាននៅក្នុងរដូវបុណ្យកាន់បិណ្ឌនេះ ខណៈដែលអ្នកខ្លះបានអះអាង និងរិះគន់ថា ការបោះបាយបិណ្ឌជាទង្វើមិនត្រឹមត្រូវ ជាភាពខ្ជះខ្ជាយជាការធ្វើមិនគោរពទានជាដើម។ អ្នកដែលជឿថា បោះបាយបិណ្ឌមានប្រយោជន៍គិតថា បោះបាយបិណ្ឌគឺបោះឲ្យពួកប្រេត (ហេតុនេះទើបនៅតំបន់ខ្លះមិនហៅបាយបិណ្ឌទេ តែហៅថាបាយប្រេត)។ ចំណែកអ្នកពុទ្ធនិយមខ្លះទៀតបានអះអាងថា ការបោះបាយបិណ្ឌជាការធ្វើទានមិនត្រឹមត្រូវតាមការបង្រៀនរបស់ព្រះពុទ្ធឡើយ។
ការពូនភ្នំខ្សាច់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ៖
ទាក់ទិននឹងជំនឿដែលពុទ្ធបរិស័ទលើកឡើងអំពីការពូនភ្នំខ្សាច់ នៅអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ វាជាជំនឿមួយដែលខ្មែរយើងទូទៅយល់ថា វាល្អហើយមានប្រយោជន៍ទើបពួកគាត់ធ្វើ។ ហើយបានដាក់លុយទៅតាមភ្នំខ្សាច់នីមួយៗ ព្រមទាំងអុជធូបស្មាលា កំហុសបាបមួយចំនួនដែលខ្លួនបានសាងឡើង ដោយមិនបានចាប់អារម្មណ៍កន្លងមក។ ការពូនភ្នំខ្សាច់នេះក៏ជាការឧទ្ទិសកុសលមួយជូនដល់ឧបការីជនទាំងឡាយដែលបានលាចាកលោកផងដែរ។
ប្រេត ៖
បើតាមគម្ពីព្រះពុទ្ធសាសនាបានចែងថាមនុស្សដែលស្លាប់ទៅតែងទៅកើតទីផ្សេងៗតាមកម្មរបស់ខ្លួន។ មនុស្សចិត្ដអាក្រក់ដែលបានធ្វើបាបកម្មផ្សេងៗលុះស្លាប់ទៅតែងតែកើតជាប្រេត៤ប្រភេទគឺប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាមប្រេតស្រេកឃ្លានអាហារជានិច្ចប្រេតដែលភ្លើងឆេះជានិច្ចនិងប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសទៅឱ្យ។គេតែងនិយមជ្រើសរើសចំថ្ងៃរនោចខែភទ្របទព្រោះពេលវេលានោះព្រះចន្ទពុំសូវមានពន្លឺហើយចេះតែងងឹតទៅៗព្រោះឱកាសនោះហើយដែលយមរាជដោះលែងពួកប្រេតទាំងនោះឱ្យមករស់នៅលាយឡំជាមួយមនុស្សចាំទទួលភោគផលដែលបងប្អូនញាតិសន្ដានដែលញាតិឧទ្ទិសឱ្យព្រោះពួកប្រេតខ្លាចពន្លឺណាស់។ប្រសិនបើរយៈពេល១៥ថ្ងៃពួកប្រេតដើររកគ្រប់វត្ដពុំមានឃើញបងប្អូនញាតិសន្ដានណាធ្វើបុណ្យបញ្ជូនកុសលទៅឱ្យទេពួកគេនឹងអត់បាយអត់ទឹកស្រេកឃ្លានរងទុក្ខវេទនាយ៉ាងក្រៃលែងហើយនឹងជេរប្រទេចផ្ដាសាដល់បងប្អូនញាតិកាទាំងឡាយឱ្យហិនហោចទ្រព្យសម្បត្ដិព្រាត់ប្រាស់ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិផៅទាំងប្រាំពីរសន្ដាន។
0 comments:
Post a Comment