ឆ្នាំជូត រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកគាប់ប្រសើរគួរសមម្ល៉ោះហើបើចង់ផ្តើមធ្វើអ្វីមួយអាចសម្រុកពេញទីបានហើយ ព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ច។ ការប្រកបការងារវិញនោះមានលក្ខណៈពេញដៃពេញជើងហើយ បើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាទៀតផង។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅ។ ចំណែកឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី បើលោកអ្នកគិតថាសេចក្តីស្នេហាមានលំនឹងហើយអាចរៀបចំផ្សំផ្គុំគ្រួសារជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំឆ្លូវ រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើលោកអ្នកមានបំពេញកិច្ចការងារអ្វីមួយគឺមិនអាចធ្វេសប្រហែស ឬធ្វើទាំងមិនស្វែងរកភាពរីកចម្រើនបានឡើយ បើពុំនោះទេដំណើរជីវិតលោកអ្នកនឹងជួបផលលំបាកនៅគ្រាខាងមុខណាមួយជាក់ជាពុំខាន។ ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុម និងកំពុងស្រស់ស្រាយប្រពៃ។ ចំពោះការប្រកបរបររកស៊ីជួញដូរ ការជួញឆ្ងាយឱ្យប្រយ័ត្នបន្តិចព្រោះសំបូរក្រុមមនុស្សបោកប្រាស់ច្រើន ឯការជួញជិតការរកចំណូលជួបផលលំបាកបន្តិចហើយ អ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំខាល រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកមិនត្រូវធ្វើអ្វីដែលសំខាន់ឡើយ ពីព្រោះថាផលមិនល្អតែងងាយកើតឡើងផង។ ក្នុងអំឡុងពេលនេះដែរលោកអ្នកត្រូវចេះសន្សំប្រាក់កាសខ្លះទើបប្រសើរ។ អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសំបូរទេ ព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នទិសឧត្តរបន្តិចព្រោះងាយជួបឧប្បត្តិហេតុជាងសព្វមួយដង។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការឆាប់ទាំងប្រេះឆាហើយក៏ឆាប់ត្រូវគ្នាវិញដែរ៕
ឆ្នាំថោះ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកប្រកបកិច្ចការអ្វីអាចសម្រុកពេញទីបានហើយនឹងទោះធ្វើអ្វីតែងហុចផលមកវិញគ្រាន់គាប់ប្រសើរ។ សម្រាប់ពេលវេលាល្អក្នុងការធ្វើអ្វីមួយគឺម៉ោង១,០០ទៅ២,៥៩នាទីរសៀលហើយបើប្រកបកិច្ចការអ្វីតែងហុចផលមកវិញផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកបើចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរជាឱកាសល្អប្រពៃណាស់ ព្រោះថាអាចឆ្លើយតបផ្លែផ្កាដូចជាទីកក់ក្តៅគ្រាន់បើ។ ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានរៀបអាពាហ៍ពិពាហ៍ឬចូលស្តីដណ្តឹងតែងសម្រេចដូចគាប់បំណង៕
ឆ្នាំរោង រាសីខ្ពស់ត្រដែត។ ថ្ងៃនេះយីអ៊ុនបានងើបខ្ពស់ដូចនេះជាឱកាសល្អច្រើនសម្រាប់លោកអ្នកពង្រីកការងារអ្វីមួយ ពីព្រោះតែងហុចផលល្អៗចូលមកច្រើនជាងអាក្រក់។ ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនបើទោះបីកិច្ចការមមាញឹកក៏ដោយតែក៏មានសំណាងមកវិញដែរ គឺធ្វើច្រើនតែងហុចផលច្រើនជានិច្ច។ ក្នុងពេលនេះដែរលាភសំណាងមានច្រើនគួរសមដូចនេះជាឱកាសល្អក្នុងការពង្រីកមុខជំនួញ ព្រោះផ្លែផ្កាហុចមកវិញឃើញថាអាចឆ្លើយតបគួរជាទីពេញចិត្ត តែយ៉ាងណាលោកអ្នកឱ្យប្រយ័ត្នគ្រោះចាញ់បោកគេ ព្រោះក៏មានខ្ពស់ផង។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែលនាំឱ្យខូចអនាគតដោយប្រការណាមួយ៕
ឆ្នាំម្សាញ់ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះការប្រកបការងារមានភាពប្រទាំងប្រទើសនិងក្រុមមនុស្សបង្កផលលំបាកច្រើនដូច្នេះទាល់តែអត់ធ្មត់តស៊ូបន្តិចទើបឆ្លងគ្រាលំបាកៗទាំងនេះទៅរួច។ ក្នុងរង្វង់គ្រួសារលោកអ្នកត្រូវតែចេះអត់ឱនឱ្យគ្នាទើបមានភាពសុខដុមនិងប្រាក់កាសមិនសូវហូរធ្លាយចេញអស់ៗពីខ្លួន។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានការទិញចូលលក់ចេញគ្រាន់បើ ហើយពិសេសបើមានបើករបរថ្មីៗផងល្អប្រពៃគួរសម។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការប្រឆាំងគ្នានិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំមមី រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីត្រូវសន្សឹមៗកុំបំបោលនោះផលល្អនឹងហុចឱ្យមកវិញដូចជាទីគាប់បំណង។ ការប្រកបការងារក៏ដូច្នេះដែរលោកអ្នកត្រូវធ្វើថ្នាក់ធនកណ្តាលឬមិនសំខាន់ពេកព្រោះថាបើធ្វើធំពេកឬសំខាន់ខ្លាំងផ្លែផ្កាដែលហុចមកវិញមិនសូវដូចគាប់បំណងនោះឡើយ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកឱ្យប្រយ័ត្នជនខិលខូចតាមលួចបន្លំឬបង្ករឿងដោយប្រការណាមួយ។ រីឯសេចក្តីស្នេហាប្រុសស្រីមានការខ្វាយខ្វល់ព្រោះតែការប្រឆាំងគ្នាមានច្រើនជាងសព្វមួយដង៕
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារយីអ៊ុនឡើងខ្ពស់ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកបំពេញការងារផ្នែកប្រាក់កាស ឬការធ្វើកិច្ចសន្យាអ្វីមួយផង។ ការរស់នៅមានភាពសុខដុមនិងកំពុងស្រុះស្រួលគ្នាប្រសើរគួរសម។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ទោះចង់ចេញធ្វើជំនួញទីជិតឆ្ងាយគឺផលកម្រៃតែងហុចមកវិញគួរសមផងដែរ ប៉ុន្តែយ៉ាងណាប្រាក់កាសកាន់នៅដៃមិនសូវជាប់ទេតែងហូរធ្លាយចេញទៅវិញអស់ៗពុំឃើញសេសសល់ឡើយ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំវក រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះការប្រកបការងារអ្វីតែងផ្តល់ផលល្អជានិច្ច។សម្រាប់ពេលវេលាល្អរបស់លោកអ្នកក្នុងថ្ងៃនេះគឺម៉ោង ១១,០០ទៅដល់១២,៥៩នាទីរសៀល។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់គួរសមហើយបើលោកអ្នកចង់បញ្ចេញទំនិញអ្វីមួយមានការព្យាយាមទំនាក់ទំនងតែងសម្រេចជោគជ័យដូចគាប់បំណង។ រីឯគូស្នេហាកំលោះក្រមុំពេលនេះបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងជោគជ័យដូចគាប់បំណង៕
ឆ្នាំរកា រាសីស្រុតចុះ។ នៅថ្ងៃនេះការដោះស្រាយបញ្ហាមិនបានច្រើនឡើយពិសេសងាយទទួលរងប៉ះទង្គិចថែមទៀត។ ទោះបីយ៉ាងណាពេលវេលាល្អរបស់លោកអ្នកក្នុងថ្ងៃនេះគឺម៉ោង៧,០០ទៅដល់១០,៥៩នាទីថ្ងៃ។ការរស់នៅលោកអ្នកឱ្យប្រយ័ត្នការមានជម្លោះវិវាទជាមួយក្រុមមនុស្សមានភេទផ្ទុយគ្នាដែលពីបន្តិចបន្តួចឈានដល់ថ្នាក់ស៊ីសាច់ហុតឈាមគ្នា។អ្នកប្រកបរបររកស៊ីជួញដូរផលចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នឧប្បត្តិហេតុយាយី។បញ្ហាសេចក្តីស្នេហាប្រុសស្រីជួបបញ្ហារកាំចិត្តនិងពាក់មុខយក្សដាក់គ្នាច្រើនបន្តិច៕
ឆ្នាំច រាសីល្អជាមធ្យម។ ថ្ងៃនេះការរស់នៅក៏ដូចជាការប្រកបការងារលោកអ្នកជួបបញ្ហារអាក់រអួលច្រើនពីព្រោះមានក្រុមមនុសុ្សចាំតែមើលកំហុសហើយបង្កបញ្ហានាំឈឺក្បាលច្រើនប៉ុណ្ណោះ។ក្រៅពីនេះលោកអ្នកអាចមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួនឬមនុស្សជាទីស្រឡាញ់របស់ខ្លួនផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជនហើយត្រូវស្វះស្វែងបន្តិចទើបការរកប្រាក់ចំណូលគ្រាន់ប្រមូលបានដូចសេចក្តីប្រាថ្នាទៅរួច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ម្ល៉ោះហើយការកើតជម្លោះវិវាទក៏មានចូលយាយីច្រើនដែរ៕
ឆ្នាំកុរ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេ ម្ល៉ោះហើយទោះធ្វើអ្វីឃើញថាជឿនលឿននិងហុចផលមកវិញគ្រាន់កក់ក្តៅផ្លូវចិត្ត។ នៅខែនេះបើទោះបីស្ថិតនៅដំណើរជីវិតរដិបរដុបដោយសារដួងរាសីស្រុតចុះពិតមែន ប៉ុន្តែនៅថ្ងៃល្អបើលោកអ្នកខិតខំពុះពារកិច្ចការនោះឃើញថាតែងដំណើរការទៅមុខជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំចង់មានចិត្តរេព្រោះតែឃើញអ្នកថ្មីព្រោះអាចនាំមកនូវរឿងសោកកានៅពេលក្រោយ៕
0 comments:
Post a Comment