១. យល់សប្ដិឃើញគេយកក្មេងឱ្យមកនៅជាមួយ៖ លោកយាយប្រាប់ថា ប្រសិនបើនៅសុខៗស្រាប់តែយល់សប្ដិឃើញនឹងភ្នែកស្រស់ៗ ថាមានគេយកក្មេងឱ្យមកនៅជាមួយនោះជាសញ្ញាណបញ្ជាក់ថា កំពុងមានម្រេញគង្វាលដែលគ្មានកន្លែងជ្រកកោន នៅថែរក្សាក្នុងផ្ទះនោះយូរមកហើយប៉ុន្តែគ្មានអ្នកដឹងទើបបង្ហាញ ក្នុងយល់សប្ដិបែបនេះ។
២. អាចធ្វើឱ្យសមាជិកក្នុងគ្រួសារណាម្នាក់ឈឺត្រចៀក៖ ត្រង់ចំណុចនេះលោកយាយបញ្ជាក់ថា មិនជឿមិនបានទេ លោកយាយប្រាប់ថា ចៅប្រុសរបស់លោកយាយហើយគុម្ពត្រចៀក ទៅមើលពេទ្យណាក៏មិនជា រហូតថ្ងៃមួយពេលដែលលោកយាយសម្រាន្តពេលថ្ងៃស្រាប់តែឮសំឡេងក្មេងៗ ស្រែកខ្ញៀវខ្ញារ លុះឱ្យគ្រូគន់គូរមើលប្រាប់ថាមានម្រេញគង្វាលមកនៅជាមួយហើយ។ ក្រោយមកលោកយាយរៀបចំធ្វើតូបឱ្យម្រេញគង្វាលនោះនៅទើបចៅលោកយាយជា សះស្បើយ។
៣. យល់សប្ដិឃើញក្មេងឃ្លាន៖ លោកយាយប្រាប់ថានេះកាន់តែច្បាស់តែម្ដងប្រសិនបើ ពេលមានអីហូបឆ្ងាញ់ៗពីថ្ងៃស្រាប់តែយប់ឡើងយល់សប្ដិឃើញក្មេងមក ប្រាប់ថាឃ្លានណាស់សុំហូបផង នោះក្នុងផ្ទះប្រាកដជាមានម្រេញគង្វាលកំពុងមកសុំនៅជាមួយ ដើម្បីមានអីហូប ហើយតាមជួយការពារថែរក្សាគ្រួសារនោះ។
៤. យល់សប្ដិឃើញក្មេងស្រាតននលគោក៖ លោកយាយ វ៉ែន ឡៃ ប្រាប់ថាមូលហេតុបានជាយល់សប្ដិឃើញក្មេងគ្មានសំលៀកបំពាក់ នោះមកពីម្រេញគង្វាលចង់ប្រាប់ថាកំពុងចង់មានខោអាវស្លៀកពាក់នឹង គេ។ ដូចនេះហើយតាមទំនៀមតាំងពីបុរាណមក ចាស់ៗតែងយកក្រណាត់ពណ៌ក្រហមមកកាត់ធ្វើសំលៀកបំពាក់តូចៗ ព្រមទាំងសង់តូបតូចមួយដាក់សំលៀកបំពាក់ក្នុងនោះ ទុកជាកន្លែងបូជា បន់ស្រន់សុំសេចក្ដីសុខ។
៥. ពេលគេងថ្ងៃមានក្មេងមកកេះជើង៖ ម្រេញគង្វាលលោកយាយប្រាប់ថា ភាគច្រើនជាក្មេងតូចៗចូលចិត្តលេងសើចណាស់ ប្រសិនបើថ្ងៃមួយស្រាប់តែរសើបបាតជើងដូចមានក្មេងមកកេះពេល កំពុងគេង តែពេលបើកភ្នែកស្រាប់តែមិនឃើញ នោះគឺជាម្រេញគង្វាលនេះឯង។ តាមទំនៀមត្រូវប្រញាប់ចាត់ចែងធ្វើផ្ទះសម្បែងឱ្យគេស្នាក់នៅ ទើបម្រេញគង្វាលនោះឈប់មករំខាន។
លោកយាយ វ៉ែន ឡៃ បញ្ជាក់ទៀតថា គ្រួសារណាមានម្រេញគង្វាលមករស់នៅជាមួយនោះនឹងធ្វើឱ្យគ្រួសារនោះ រស់នៅមានសេចក្ដីសុខ ពុំមានសត្រូវណាហ៊ានមកបៀតបៀន ចោរលួចចោរឆក់ក៏មិនហ៊ានចូល កូនចៅគ្មានជំងឺឈឺថ្កាត់ផ្ដេសផ្ដាស បន់ស្រន់អ្វីក៏បានសម្រេចដូចប្រាថ្នា។ ប៉ុន្តែលោកយាយប្រាប់ថា ជារៀងរាល់ថ្ងៃត្រូវដាក់បាយដាក់ទឹក នំចំណី កុំឱ្យអាក់ខានឱ្យសោះ ទើបម្រេញគង្វាលតាមជួយថែរក្សាការពារ៕
0 comments:
Post a Comment