សូមជូនហោរាសាស្ត្រប្រចាំថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ៖
ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើទោះបីមានការប៉ះទង្គិចទៅលើអ្វីមួយក៏ដោយតែងហុចផលល្អមកវិញគ្រាន់ជាទីកក់ក្តៅដែរ។ការបំពេញការងារមានលក្ខណះពេញដៃពេញជើងនិងជោគជ័យ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបកគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។រីឯបញ្ហាស្នេហាកំលោះក្រមុំកុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំខាល រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះការប្រកបការងារមានភាពប្រទាំងប្រទើសនិងក្រុមមនុស្សបង្កផលលំបាកច្រើនដូច្នេះទាល់តែអត់ធ្មត់តស៊ូបន្តិចទើបឆ្លងគ្រាលំបាកៗទាំងនេះទៅរួច។ក្នុងរង្វង់គ្រួសារលោកអ្នកត្រូវតែចេះអត់ឱនឱ្យគ្នាទើបមានភាពសុខដុមនិងប្រាក់កាសមិនសូវហូរធ្លាយចេញអស់ៗពីខ្លួន។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានការទិញចូលលក់ចេញគ្រាន់បើហើយពិសេសបើមានបើករបរថ្មីៗផងល្អប្រពៃគួរសម។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការប្រឆាំងគ្នានិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំថោះ រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើលោកអ្នកមានបំពេញកិច្ចការងារអ្វីមួយគឺមិនអាចធ្វេសប្រហែសឬធ្វើទាំងមិនស្វែងរកភាពរីកចម្រើនបានឡើយបើពុំនោះទេដំណើរជីវិតលោកអ្នកនឹងជួបផលលំបាកនៅគ្រាខាងមុខណាមួយជាក់ជាពុំខាន។ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុមនិងកំពុងស្រស់ស្រាយប្រពៃ។ចំពោះការប្រកបរបររកស៊ីជួញដូរការជួញឆ្ងាយឱ្យប្រយ័ត្នបន្តិចព្រោះសំបូរក្រុមមនុស្សបោកប្រាស់ច្រើនឯការជួញជិតការរកចំណូលជួបផលលំបាកបន្តិចហើយអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំរោង រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឬរឿងរាវល្អចូលមកឱ្យសប្បាយចិត្ត។សម្រាប់ពេលវេលាល្អក្នុងការសម្រេចចិត្តរឿងអ្វីមួយគឺម៉ោង១១,០០ទៅដល់១២,៥៩នាទីថ្ងៃ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់សន្សឹមៗហើយបើលោកអ្នកចង់បញ្ចេញទំនិញអ្វីមួយមានការព្យាយាមទំនាក់ទំនងតែងសម្រេចជោគជ័យដូចគាប់បំណង។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំពេលនេះបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងជោគជ័យដូចគាប់បំណង៕
ឆ្នាំម្សាញ់ រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទសម្តីបន្តិចបន្តួចដោយសារការមិនចុះសម្រុងគ្នាឬការប្រឆាំងគ្នាទាំងនៅផ្ទះសម្បែងឬនៅផ្នែកខាងក្រៅដោយប្រការណាមួយកើតទ្បើង។ចំពោះការប្រកបការងារលោកអ្នកទោះធ្វើអ្វីក៏ដោយគឺជារឿយៗពុំសូវដំណើរការបានស្រួលទេព្រោះតែងមានរឿងរ៉ាវមកយាយីអុកទ្បុកជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសនិងក្រុមបាបមិត្តតាមឈ្នានីសព្យាបាទយាយី។ រីឯបញ្ហាស្នេហាកំលោះក្រមុំ បើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារយីអ៊ុនឡើងខ្ពស់ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកបំពេញការងារផ្នែកប្រាក់កាស ឬការធ្វើកិច្ចសន្យាអ្វីមួយផង។ ការរស់នៅមានភាពសុខដុមនិងកំពុងស្រុះស្រួលគ្នាប្រសើរគួរសម។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ទោះចង់ចេញធ្វើជំនួញទីជិតឆ្ងាយគឺផលកម្រៃតែងហុចមកវិញគួរសមផងដែរ ប៉ុន្តែយ៉ាងណាប្រាក់កាសកាន់នៅដៃមិនសូវជាប់ទេតែងហូរធ្លាយចេញទៅវិញអស់ៗពុំឃើញសេសសល់ឡើយ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើទោះបីចង់ធ្វើអ្វីក៏ជាឱកាសល្អផងដែរព្រោះថាតែងហុចផ្លែផ្កាដូចជាទីគាប់ចិត្ត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានហូរចូលគ្រាន់គួរជាទីកក់ក្តៅផងដែរហើយបើចង់ជួញផ្លូវឆ្ងាយផងជាការប្រសើរដោយលោកអ្នកអាចកើបផលចំណូលត្រឡប់មកវិញយ៉ាងត្រជាក់ចិត្ត។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពចម្រើនលូតលាស់ទៅមុខហើយបើជាស្នេហាថ្មីថ្មោងផងតែងបានទទួលក្តីសង្ឃឹមពីគ្នាយ៉ាងកក់ក្តៅទៀតផង៕
ឆ្នាំវក រាសីល្អជាមធ្យម។នៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយចូរកុំឆាប់ជឿទុកចិត្តគេពេកហើយបើមានកិច្ចការអ្វីសំខាន់ទាក់ទងបញ្ហាប្រាក់កាសត្រូវចេះត្រួតពិនិត្យសមាសភាពមនុស្សឱ្យបានត្រឹមត្រូវទើបមិនត្រូវចាញ់បោកគេនាំឈឺចាប់។ក្នុងថ្ងៃនេះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមិនមានការរីកលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកនៅតែខ្ពស់ដដែលទេដូចនេះផ្តល់ផលល្អសម្រាប់ការសម្រេចចិត្តរឿងប្រាក់កាសនិងរឿងការបណ្តាក់ទុនអ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរកំពុងមានភាពកាក់កបគួរសមហើយជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមប្រពៃ៕
ឆ្នាំច រាសីស្រុតចុះ។ នៅថ្ងៃនេះឃើញថាដំណើរជិវិតរបស់លោកអ្នកមិនល្អប្រសើរទេហេតុនេះបើឃើញស្ថានការណ៍ណាមួយមិនល្អគប្បីចៀសឱ្យឆ្ងាយហើយដាច់ខាតមិនត្រូវធ្វើចេះដឹងរឿងអ្នកដទៃពេកឡើយមិនដូច្នេះប្រយ័ត្នបានគ្រោះភ័យមកវិញ។សម្រាប់លោកអ្នកប្រកបរបររកស៊ីជួញដូរគប្បីមានការប្រយ័ត្នប្រយែងក្រុមមនុស្សសម្តីផ្អែមល្ហែមតែសំបកក្រៅប៉ុន្តែខាងក្នុងដូចផ្លែល្វាចាំតែឆ្លៀតឱកាសដើម្បីដណ្តើមផលប្រយោជន៍អ្វីមួយ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដូចសព្វមួយដង។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំវិញហាក់ដូចជាធ្លាក់ទាបចុះហើយមានការប្រឆាំងគ្នាច្រើនទៀតផង៕
ឆ្នាំកុរ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឬបើធ្វើអ្វីតែងជឿនលឿនទៅមុខគួរសម។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាស្នេហាកំលោះក្រមុំកុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕
0 comments:
Post a Comment