សូមជូនហោរាសាស្ត្រប្រចាំថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ៖
ឆ្នាំជូត រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារនិងកិច្ចការដែលពាក់ព័ន្ធនឹងប្រាក់កាសផង។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់ការសម្រេចចិត្តកិច្ចការងារធំដុំឬចាប់ផ្តើមប្រកបការងារអ្វីមួយថែមទៀត។សម្រាប់ពេលវេលាល្អរបស់លោកអ្នកក្នុងថ្ងៃនេះគឺម៉ោង៧,០០ទៅដល់៨,៥៩នាទីព្រឹក។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិចឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបអាចចិញ្ចឹមឆ្នាំងបាយគ្រាន់រស់ស្រួលខ្លួន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំឆ្លូវ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកជួបបញ្ហាតានតឹងផ្លូវអារម្មណ៍ច្រើនបន្តិចហើយពិសេសងាយកើតរឿងរាវចំពោះមុខផង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះដែរលោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ឬចិត្តច្រណែនឈ្នានីសលោភលន់ច្រើនប្រយ័ត្នឥតការអ្វីសោះយករឿងរាវមកដាក់ខ្លួនហើយកើតតែរឿងរាវឡើង។ការធ្វើដំណើរផ្លូវឆ្ងាយឱ្យប្រយ័ត្នរោគជំងឺនិងបញ្ហាក្រុមមនុស្សបៀតបៀនយាយី។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីកុំចង់សាកល្បងកាមគុណពិសេសស្រី្តប្រយ័ត្នកើតរឿងធំខូចទាំងកិត្តិយសអស់ទាំងអនាគតភ្លឺស្វាង៕
ឆ្នាំខាល រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អអ្វីមួយឱ្យសប្បាយចិត្តនិងក្រៅពីនេះនៅមានជោគលាភថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។ សម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចៀសឱ្យឆ្ងាយជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំថោះ រាសីល្អជាមធ្យម។នៅថ្ងៃនេះការប្រកបការងារឃើញថាមានការជឿនលឿនសន្សឹមៗពិសេសងាយកើតបញ្ហាចំពោះមុខច្រើនផងគប្បីប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅកើត។ការធ្វើដំណើរឆ្ងាយជិតឃើញថាមិនសូវជឿនលឿនទៅមុខទេងាយកើតបញ្ហាផង ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំរោង រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចេញបំពេញកិច្ចការងារឬសម្រេចចិត្តក្នុងរឿងអ្វីមួយផង។ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អឬទទួលជោគលាភអ្វីមួយថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសមម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំម្សាញ់ រាសីល្អជាមធ្យម។ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកជួបនូវបញ្ហាប្រទាំងប្រទើសច្រើនបន្តិចពិសេសងាយកើតរឿងរាវជម្លោះវិវិាទថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីលាភធំដុំកុំសូវសង្ឃឹមពេកពីព្រោះច្រើនមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេគឺបានត្រឹមមួយសមរម្យប៉ុណ្ណោះហើយអ្នកខ្លះអាចត្រូវខកបំណងទៀតផង។ សម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកមិនគប្បីជឿពាក្យសម្តីក្រុមមនុស្សពេកឡើយព្រោះអ្នកខ្លះអុជអាលឱ្យតែលោកអ្នកធ្លាក់ទឹកហើយគេចាំទះដៃហ៊ោនៅពេលក្រោយប៉ុណ្ណោះ៕
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរហើយធ្វើអ្វីក៏តែងផ្តល់ផលជាផ្លែផ្កាមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ដូច្នេះគប្បីមានការអត់ធ្មត់ក្នុងមុខរបរបន្តិចទើបប្រសើរ។ការធ្វើដំណើរឆ្ងាយជិតពុំសូវមានសុវត្តិភាពប៉ុន្មានទេពីព្រោះងាយប៉ះទង្គិចនិងមានរឿងរាវយាយី។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនសូវចុះសម្រុងគ្នាប៉ុន្មានទេពីព្រោះម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំមមែ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតមានភាពរអាក់រអួលខ្លះៗមកយាយីតែយ៉ាងណាការប្រកបការងារនៅតែមានភាពជឿនលឿនទៅមុខសន្សឹមៗហើយបើទោះមានការងារធំដុំសម្រុកចូលមកក៏តែងអាចដោះស្រាយបានទៅវិញយ៉ាងងាយផង។ការរស់នៅក្នុងអំឡុងពេលនេះមានបញ្ហាចូលយាយីច្រើនបន្តិចដូចនេះត្រូវខិតខំប្រឹងប្រែងដោះស្រាយនោះរឿងរាវធំនឹងប្រែក្លាយជាតូចវិញជាក់ជាពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចចិញ្ចឹមគ្រួសាររស់ស្រួលខ្លួន។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពតែលតោលនិងខ្វាយខ្វល់ព្រោះ តែបញ្ហារកាំរកូស កំពុងកើតឡើងឥតសូវធូរស្បើយឡើយ៕
ឆ្នាំវក រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនមានអ្វីជាឧបសគ្គធំដុំចូលមកយាយីនាំជួបផលលំបាកប៉ុន្មានទេ។ក្រៅពីនេះបើលោកអ្នកមានប្រកបការងារអ្វីមិនត្រូវមើលស្រាលក្រុមមនុស្សឡើយត្រូវតែប្រុងប្រយ័ត្នជានិច្ចពីព្រោះគេចាំមើលតែលោកអ្នកចន្លោះប្រហោងដើម្បីវាយប្រហារប៉ុណ្ណោះ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបភាពតានតឹងហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់កក់ក្តៅទៅរួច។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផុយស្រួយជម្លោះវិវាទគួរប្រយ័ត្នប្រយែងពាក្សសម្តីបន្តិចទើបជាការប្រពៃបំផុត៕
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ លោកអ្នកកើតឆ្នាំមាន់នៅពេលឆ្លងផុតចូលឆ្នាំចិនទៅដំណើរជីវិតមិនល្អប្រសើរទេពីព្រោះថាឆ្លងចូលដួងរាសីឆ្នាំមិនល្អឬជាឆ្នាំឆុងផងហេតុនេះធ្វើឱ្យដំណើរជីវិតជួបនូវផ្លូវរដិបរដុបច្រើនបន្តិច។ដោយឡែកសម្រាប់ថ្ងៃនេះវិញមានជោគសិរីគួរសមហេតុនេះ បើចង់ប្រកបការងារអ្វីឃើញថាមានការលូតលាស់ និងហុចផលមកវិញគ្រាន់កក់ក្តៅផង។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើក ឯបើលោកអ្នកចង់រើទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃ។ចំណែកសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងផ្អែមល្ហែមល្អប្រពៃ៕
ឆ្នាំច រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់និងទទួលជោគជ័យត្រឡប់មកវិញគ្រាន់កក់ក្តៅផ្លូវចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះលោកអ្នកត្រូវរែកពន់ភាពលំបាកលំបិនមិនតិចដែរទេព្រោះតែចំណូលតិចឯការចំណាយវិញគ្រប់សារពើ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីមានចិត្តស្រាលផ្ទុកតែកំហឹងក្នុងខ្លួននាំកើតតែរឿងរាវឥតមានធូរស្បើយ៕
ឆ្នាំកុរ រាសីខ្ពស់ត្រដែត។ នៅពេលនេះបើមានកិច្ចការតូចធំលោកអ្នកអាចសម្រុកពេញទីបានហើយពីព្រោះថាផលតែងហុចមកវិញច្រើនផង។ដោយឡែកនៅថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរការរកប្រាក់ចំណូលមានហូរចូលគ្រាន់គួរជាទីកក់ក្តៅផងដែរហើយបើចង់ជួញផ្លូវឆ្ងាយផងជាការប្រសើរដោយលោកអ្នកអាចកើបផលចំណូលត្រឡប់មកវិញយ៉ាងត្រជាក់ចិត្ត។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពចម្រើនលូតលាស់ទៅមុខហើយបើជាស្នេហាថ្មីថ្មោងផងតែងបានទទួលក្តីសង្ឃឹមពីគ្នាយ៉ាងកក់ក្តៅ៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment